ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានបុព្វបុរសខ្មែរនិយមសង់ប្រាសាទធំៗនៅលើភ្នំធម្មជាតិ?
តើប្រាង្គដ៏មហិមាលើដងភ្នំដូចនេះ បង្ហាញពីវិសាលភាព និងអំណាចរបស់មហាក្សត្រដែលបានកសាងឬយ៉ាងណា?
ប្រាសាទព្រះវិហារ ដែលមានឈ្មោះដើមថាប្រាសាទព្រះសិខារេស្វរៈ ស្ថិតនៅកំពូលភ្នំព្រះវិហារ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងតាមឯកសារស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ប្រាសាទព្រះវិហាររបស់បណ្ឌិតសាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ពឆ្នាំ២០០៨ បានកត់ត្រាថា ការសាងសង់នៃប្រាសាទភ្នំព្រះវិហារនេះ ត្រូវបានផ្ដើមឡើងដោយព្រះរាជបញ្ជារបស់ព្រះមហាក្សត្រខ្មែរមួយព្រះអង្គ គឺព្រះបាទ យសោវរ្ម័នទី១ និងត្រូវបានស្ថាបនាបង្ហើយក្នុងរាជ្យព្រះបាទ សូរ្យវរ្ម័នទី១ រីឯព្រះបាទ សូរ្យវរ្ម័នទី២ ព្រះអង្គក៏បានសាងសង់បន្ថែមលើទម្រចាស់ដែរ។
ប្រាសាទព្រះវិហារមាន ៥គោបុរៈ៖
[គោបុរៈទី៥] ជាសំណង់ប្រាសាទដែលមានទំហំតូចជាងគោបុរៈដទៃទៀត សាងសង់ជារាងចតុកោណកែងនៅលើខឿនដែលតម្រៀបថ្មខ្ពស់ផុតពីថ្មធម្មជាតិ ហើយមានជណ្តើរឡើងទៅទ្វារប្រាសាទខាងលើទាំងបួនទិស។
[គោបុរៈទី៤] តាមផ្លូវសក្ការៈប្រវែង ២៧៥ម៉ែត្រ អមដោយបង្គោលមានលម្អជារាងផ្កាឈូកក្រពុំចំនួន ១៣៤ ឆ្ពោះទៅដល់ល្បាក់ថ្មមួយជាន់ទៀតដែលមានប្រាសាទសង់រាងជាកាកបាទនៅលើខឿនដែលតំរៀបថ្មភក់បន្ទាប់ពីថ្មធម្មជាតិ។
[គោបុរៈទី៣] ឡើងទៅល្បាក់ភ្នំខាងលើតាមវ្រះថ្នល់ប្រវែង១៥០ម៉ែត្រ ដែលមានបង្គោលអមសងខាងចំនួន៨០ ទើបទៅដល់គោបុរៈទី៣ដែលជាសំណង់ប្រាសាទដែលធំទូលាយ។
[គោបុរៈទី២] មានសភាពទ្រុឌទ្រោមខ្លាំងជាងគោបុរៈផ្សេងៗទៀត។ គោបុរៈនេះបានផ្តល់ជាផ្លូវមួយយ៉ាងធំចូលទៅកាន់ទីលាន និងតួប៉មកណ្តាលដែលជាបូជនីយដ្ឋានធំ។
[គោបុរៈទី១] ជាសំណង់មានប្លង់រាងចតុកោណកែង ដែលមានបន្ទប់វែងប្រវែង២៥ម៉ែត្រនិងទទឹង៥.៥ម៉ែត្រព័ទ្ធជុំវិញ។
សំនួរមួយទៀតដែលត្រូវមហាជនចោទសួរជាញឹកញាប់ ថាតើហេតុអ្វីបាជាប្រាសាទព្រះវិហារមានផ្លូវឆ្ពោះទៅជណ្តើរឡើងប្រាសាទចេញពីទឹកដីថៃសព្វថ្ងៃនេះទៅវិញ?
ឆ្លើយទៅនឹងសំណួរនេះ លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ ឡាវ និងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានយោបល់ថា នៅពេលដែលព្រះមហាក្សត្រខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងដែនដីអាណាចក្រខ្មែរសម័យបុរាណនោះ គឺពុំទាន់មាននគរសៀម តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេរហូតដល់ចុងសតវត្សទី១៣ បានទើបនគរនេះកកើតឡើង។ ដូច្នេះដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ ដែលគេធ្វើតាមទៅតាមទីតាំងរបស់សាច់ភ្នំនោះ។
ក្រៅពីប្រាសាទតាមផ្លូវឡើងទៅទេសចរនឹងបានជួបជាមួយនឹងបងប្អូនទាហានដែលការពារព្រំដែលដែលនៅប្រចាំការក្នុងតំបន់ប្រាសាទ និងវត្តកែវសិក្ខាគិរីស្វារៈ នឹងពេលទៅដល់កំពូលភ្នំអ្នកនឹងឃើញប្រជាជននាំគ្នាអុជទៀនធូប និងថ្វាយផ្កាឈូក គោរពបូជាដល់បារមីបង្កាន់ដៃនាគបើកពពារមួយគូរ នៅជាប់គោរបុរៈទី៥ និងពើយលោកតាឌីដែលជាអតីតមេទ័ពខ្មែរដែលបានបូជាជីវិតខ្លួនក្នុងបុព្វហេតុការពារជាតិ។
គួរបញ្ជាក់ផងដែរថា៖
– ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។
– ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាក់បញ្ជូលប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។
[ខេត្តព្រះវិហារ ខែតុលា ឆ្នាំ២០១៨]