នគរបាជ័យ បន្ទាយព្រៃនគរ – Nokor Bachey & Banteay Prei Nokor

នរណាទៅដឹងថា “ កំពង់ចាម ” នេះ អ្វីច្រើនលើសពីអ្នកគិត!

Wat Nokor Bachey-31

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។

“ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” នៃវេលានេះ ។ គ្រានោះ នាសតវត្សរ៍ទី ១២ ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី ៧ ( ព្រះបាទជ័យវរ្ម័នទី ៧ ) ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ ដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ ។ ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ ។

ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់ “ ព្រះវីរសក្តិ ” ជាទីសក្ការៈ យើងត្រូវឆ្លងកំពែងនគរចំនួន ៤ ជាន់ ដែលកំពែងជាន់នីមួយៗ មានគោបុរៈ ៤ ចាក់ចំខ្វែងកែងគ្នា ប្រសព្វត្រង់ទីព្រះប្រាង្គដ៏ឧត្តមតែមួយ ។ លុះកន្លងទៅបានប្រមាណកន្លះសហស្សវត្សរ៍ក្រោយមក ក្នុងថ្ងៃចន្ទ ១៤ រោច ខែអាសាឍ ឆ្នាំខាល មហាសករាជ ១៤៨៨ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៥៦៦ វេលាម៉ោងខ្ទង់ ៨ ព្រឹក សម្ដេចឧកញ៉ាយស ស្រីសៅគន្ធបទ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទ បានកសាងជាសូរេចនូវព្រះចេតិយដែលកម្លាយកំពូលព្រះប្រាង្គចាស់ ដើម្បីតម្កល់ព្រះមហាសារីរិកធាតុ ហើយក៏បានប្រតិស្ឋានព្រះពុទ្ធរូបសន្ធប់មុខទ្វារទាំងបីទិសនៃព្រះប្រាង្គប្រធានផង ហើយទើបចាត់កសាងមហាវិហារ និង គោលសីមា រក្សាជាសក្ការៈ នៅត្រង់ពីខាងមុខនៃទិសខាងកើត ។ ដោយសារព្រះវិហារកសាងអំពីឈើក៏ចេះតែពុកផុយ ក៏ត្រូវកសាងជាច្រើនលើកច្រើនសា រហូតមកទល់នឹងព្រះវិហារបុរាណដែលយើងបានឃើញសព្វថ្ងៃនេះ ។ ព្រះវិហារបុរាណនេះ គឺជាស្ថាបត្យកម្មនៃទសវត្សរ៍ឆ្នាំ ១៩៣០ ដែលនៅសេសសល់គំនូរនៅតាមហប់ខ្យល់ និង ពិដាន ក៏ត្រូវបានគេគូរពីលើឱ្យថ្មីនាសម័យនេះបន្ថែមទៀត ។

… ទោះប្រមាណ ៥០០ ឆ្នាំកន្លងមកទៀតទៅហើយក្ដី ក៏អ្នកស្រុកនៅតែចងចាំបានអំពីឈ្មោះដើមរបស់ប្រាសាទដែលត្រូវបានកសាងឡើងតាំងអំពី ១០០០ ឆ្នាំកន្លងនៅឡើយ … ថាជា “ វត្តនគរបាជ័យ ” – “ ជ័យពីរសក្តិនគរ ”។

ក៏គួរបញ្ជាក់ផងដែរថាសម្រាប់ប្រាសាទវត្តនគរបាជ័យ (បន្ទាយព្រៃនគរ) នេះត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការ UNESECO ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ ១៩៩២ រួមគ្នាជាមួយ ក្រុមប្រាសាទកោះកេរ្តិ៍ ឧទ្យានជាតិភ្នំគូលេន អង្គរបូរី និងភ្នំដា ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ និងក្រុមប្រាសាទបន្ទាយឆ្មារ៕

កម្រងសរសេរជាប្រវត្តិត្រួសៗនៃ វត្តនគរបាជ័យ ដោយ ទាយាទអង្គរ – Angkor Inheritor 🙏 តាមរយៈឯកសារយោង៖ សៀវភៅ “សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល” ត្រង់ សិលាចារឹកនៅប្រាសាទនគរបាជ័យ ។

ទីតាំង៖ goo.gl/maps/ULWdfryk39KDveyk9

រក្សាសិទ្ធិគ្រប់យ៉ាងដោយ Something by Evan / Kampucheers

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s